ស.វ.ស ចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣, ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក និងនិស្សិតទាំងពីរទីតាំងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" បានរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមាន មោទកភាពដ៏ខ្ពង់ខ្ពស់ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជា ឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក វេលា ម៉ោង ១២:១៨នាទី ត្រូវនឹងម៉ោង ១:២៨នាទី នៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ សេចក្តីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមព្រឹត្តិការណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀត របស់ជាតិ និងជាមោទកភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដោយត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ទទួលស្គាល់ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ដែលជាកេរ្តិ៍ដំណែលពីបុព្វបុរសខ្មែរតាំងពីសម័យបុរាណ មានតម្លៃលេចធ្លោជាសកល។ មហាសមិទ្ធផលនេះ គឺជា កិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ ដែលកើតចេញមកពី កិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាពឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព។
-
"កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”