ស.វ.ស ចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ Guangxi Medical University (GXMU) នៃសាធារណរដ្ឋប្រជាមានិតចិន
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃ ៤ ខែសីហា ឆ្នាំ២០២៣, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) រៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងស.វ.ស និង Guangxi Medical University (GXMU) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសហប្រតិបត្តិការស៊ីជម្រៅ សំដៅផ្តល់ប្រយោជន៍ជូននិស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវរវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងនូវអំណរគុណ ចំពោះវត្តមានគណៈប្រតិភូ និងការគាំទ្រកន្លងមករបស់ Guangxi Medical University ។ ឯកឧត្តមសាកលវិទ្យាធិការបានជម្រាបជូនគណៈប្រតិភូ អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃទំនាក់ទំនងរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក។
លោកសាស្រ្តាចារ្យនាយក Zeng Zhiyu បានបង្ហាញនូវឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្ថែមពីកិច្ចសហប្រតិបត្តការផ្នែកទន្តសាស្រ្តដែលបានអនុវត្តកន្លងមក។ ក្នុងឱកាសជំនួបនេះផងដែរ លោកសាស្រ្តាចារ្យនាយកបានផ្តល់កិត្តិយសអញ្ជើញថ្នាក់ដឹកនាំស.វ.ស ទៅទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី ៩០ឆ្នាំ នៃការបង្កើត GXMU នាឆ្នាំ២០២៤ខាងមុខនេះ។
គួរជម្រាបថា ខ្លឹមសារនៃអនុស្សារណៈនេះ គឺដើម្បីបង្កើនឱកាសកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងការបង្រៀន, បង្កើនការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងសាស្ត្រាចារ្យ និងនិស្សិត, បង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យា និងធនធានថ្មីៗ, និង កាលានុវត្តភាពផ្សេងៗរវាងសាកលវិទ្យាល័យទាំងពីរ៕