ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បន្តពិភាក្សាជាមួយប្រតិភូសាធារណរដ្ឋឆេក សំដៅពង្រីកវឌ្ឍនភាពជំនាញវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) នៅប្រទេសកម្ពុជា

នាថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ជាទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) រួមជាមួយឯកឧត្តមបណ្ឌិត ប៉ូ គីមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញមានជំនួបនឹងឯកឧត្តម Martin VÁVRA ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក (Czech Republic) និងឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ នៃក្រសួងការបរទេសសាធារណរដ្ឋឆែក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ជាមួយនឹងប្រតិភូអញ្ជើញមកពីសាធារណៈរដ្ឋឆែកនេះ ផ្តោតជាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពង្រឹងជំនាញវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) ដល់និស្សិតកម្ពុជា។ ជំនាញវិស្វកម្មជីវៈវេជ្ជសាស្រ្ត នេះជាតម្រូវការចាំបាច់មួយក្នុងវិស័យសុខាភិបាល បានទទួលនិស្សិតចូលរៀន បាន ០២ ជំនាន់ រួចមកហើយ មានចំនួនសរុប ២៨នាក់។

គួររំលឹកថា ក្រោមកម្មវិធីអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសារធារណៈរដ្ឋឆេក, ស.វ.ស និង ITC បានទទួលជំនួយជាសម្ភារៈ និងអ្នកបច្ចេកទេស សម្រាប់អនុវត្តគម្រោង “បង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាពលើជំនាញវិស្វកម្មវេជ្ជជីវសាស្ត្រនៅកម្ពុជា” (Project of Establishment of a Quality Education Program on Biomedical Engineering in Cambodia) មានរយៈពេល ០៤ ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩៕

Posted on: 05/17/2023 5:06:12 PM