ឯកឧត្តម លេង ផាលី អញ្ជើញសំណេះសំណាលជាមួយសមាជិក"ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី" ប្រចាំស.វ.ស

ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស.វ.សមានរៀបចំ "ពិធីសំណេះសំណាលជាមួយសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល" ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតស.វ.ស ប្រមាណជិត៤០០នាក់។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ, ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស, បានសម្តែងនូវគារវកិច្ចការស្វាគមន៍ចំពោះវត្តមានគណៈអធិបតី និងរាយការណ៍សង្ខេបពីវឌ្ឍនភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ក្នុងការជំរុញការចូលរួមសកម្មភាពមនុស្សធម៌ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំស.វ.ស, ដោយគិតមកដល់ថ្ងៃនេះមានមន្រ្តី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានស្ម័គ្រចិត្តចូលរួមសរុប ២,៣២០ នាក់។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតស.វ.ស ដែលបានចូលរួមស្ម័គ្រចិត្តយ៉ាងផុលផុសនេះ។ ឯកឧត្តម លេង ផាលី បានរំលេចពីសក្តានុពល និងឧត្តមប្រយោជន៍កើតចេញពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែងនៃសកម្មភាពការងារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ បន្ថែមពីនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈដ៍ប្រពៃនៃការចូលរួមសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីស.វ.ស។
គួរជម្រាបជូនថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមចុះពិនិត្យអប់រំសុខភាព និងព្យាបាលជម្ងឺដោយពុំគិតថ្លៃ បានចំនួន ០៤លើករួចមកហើយ ដែលក្នុង០១លើកៗ មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួម ពី១០០ ទៅ១៥០ នាក់ និងក្នុងបេសកកម្មការងារទាំង ៤លើកនេះ ស.វ.សបានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុប សរុបចំនួនប្រមាណ ២៧,២៣៣នាក់៕

Posted on: 05/11/2023 3:56:04 PM