ប្រតិភូស្ថានទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា, Czech Technical University, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិភាក្សាអំពីការបន្តកិច្ចសហប្រតិតបត្តិការរួមគ្នាក្នុងការព្រងឹង និងពង្រីក គម្រោងសិក្សាជំនាញ វិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) នៅប្រទេសកម្ពុជា
ទីតាំងទី១ស.វ.ស៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងទី១នៃ ស.វ.ស ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ជាទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) និង ថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ូ គីមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលស្វាគមន៍ និងសម្តែងការគួរសមជាមួយ ឯកឧត្តម Martin VÁVRA ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក (Czech Republic) និង ប្រតិភូអញ្ជើញមកពី Czech Technical University នៃសាធារណរដ្ឋឆេក។
កិច្ចពិភាក្សា បានផ្តោតជាសំខាន់លើ ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិស្វកម្មវេជ្ជជីវសាស្ត្រ (Biomedical Engineering) ដែលជាតម្រូវការចាំបាច់មួយ ក្នុងវិស័យសុខាភិបាល និងការផ្សព្វផ្សាយអំពីជំនាញនេះដល់សាធារណៈជនទូទៅឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញនិស្សិតចូលរៀនជំនាញនេះ កាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក (Czech Republic) និង ប្រតិភូអញ្ជើញមកពី Czech Technical University នៃសាធារណរដ្ឋឆេក ដែលបានផ្តល់ជំនួយសម្ភារៈ បច្ចេកទេស និងបន្តគាំទ្រការអភិវឌ្ឍជំនាញវិស្វកម្មវេជ្ជជីវសាស្ត្រនៅប្រទេសកម្ពុជាឱ្យកាន់តែឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
គួររំលឹកដែរថា ក្រោមកម្មវិធីអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសារធារណៈរដ្ឋឆេក គ្រឹះស្ថានឧត្តមសិក្សាទាំងពីរ បានទទួលជំនួយជាសម្ភារៈ និងអ្នកបច្ចេកទេស សម្រាប់អនុវត្តគម្រោង “បង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយគុណភាពលើជំនាញវិស្វកម្មវេជ្ជជីវសាស្ត្រនៅកម្ពុជា” (Project of Establishment of a Quality Education Program on Biomedical Engineering in Cambodia)។ គម្រោងនេះ មានរយៈពេល ០៤ ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩៕