សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៥ បានរៀបចំពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការបង្កើតបណ្តាញដៃគូអន្តរជាតិនៃ ស.វ.ស។
សិក្ខាសាលានេះ ទទួលបាននូវកិត្តិយសដ៍ឧត្តុង្គឧត្តម ដោយមានការអញ្ជើញចូលរួមបើកពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ជាមួយគ្នានោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំនាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោក-លោកស្រី សាស្រ្តាចារ្យជាថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ/សាលា និង លោក/លោកស្រីសាស្រ្តាចារ្យ ភ្ញៀវជាតិ-អន្តរជាតិប្រមាណ ៩០រូប។
សិក្ខាសាលារយៈពេល៣ថ្ងៃនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស.វ.ស និង ដៃគូរអន្តរជាតិរបស់ ស.វ.ស ឱ្យកាន់តែរឹងមាំ និង មានប្រសិទ្ធភាព ពិសេសគឺដើម្បីពិគ្រោះយោបល់ក្នុងការបង្កើតបណ្តាញដៃគូអន្តរជាតិមួយរបស់ស.វ.ស។
ដៃគូរអភិវឌ្ឍអន្តរជាតិរបស់ ស.វ.ស ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានអញ្ជើញមកពីស្ថាបននិងគ្រឹះស្ថាននានាចំនួន៤៣ នៃបណ្តាប្រទេសចំនួន៨ មានជាអាទិ៖ បារាំង, សហរដ្ឋអាមេរិក អូស្រ្តាលី ប៊ែលហ្សិក សាធារណៈរដ្ឋកូរ៉េ សឹង្ហបុរី ហូឡង់ និង ចក្រភពអង់គ្លេស។