សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នារសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៥ មានរៀបចំនូវពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកសាស្រ្តាចារ្យ ប៉ាស្កាល់ មីឡេ (Prof. Pascal MILLET) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ស.វ.ស និង មន្រ្តីតំណាងស្ថានទូតបារាំង។
សូមជម្រាបជូនថា ក្នុងការបំពេញភារៈកិច្ចរយៈពេល៤ឆ្នាំនៅស.វ.ស ប្រទេសកម្ពុជា លោកសាស្រ្តាចារ្យ ប៉ាស្កាល់ មីឡេ (Prof. Pascal MILLET) បានជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលដែលមាន៖
១. បានរៀបចំនូវផែនការយុទ្ឋសាស្រ្ត៥ឆ្នាំ របស់ ស.វ.ស។
២. បានរៀបចំបង្កើតជាបណ្តាញអន្តរជាតិមួយនៅ ស.វ.ស ដើម្បីធានានិរន្តភាព និង វឌ្ឍនភាពនៃការធ្វើអន្តរជាតូនីយកម្មរបស់ ស.វ.ស។
៣. បានរៀបចំផ្ទេរនូវចំណេះដឹង និង ចំណេះធ្វើលើការងារដាក់ពាក្យសុំអាហារូបករណ៍ទៅរៀនបន្តនៅប្រទេសបារាំង ដែលជាគន្លឹះដ៍សំខាន់សម្រាប់ ស.វ.ស បន្តនិរន្តភាពក្នុងការស្វះស្វែងរកអាហារូបករណ៍ជូននិស្សិតសវស។
៤. បានរៀបចំ និង ដាក់ឱ្យដំណើរការកម្មវិធីសិក្សាអន្តរជាតិនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត។
៥. បានរៀបចំំមណ្ឌលប្រឡងតាមប្រព័ន្ឋអេឡិចត្រូនិចនៅ ស.វ.ស។
៦. បានរៀបចំឱ្យមានសហការគ្នាយ៉ាងល្អរវាង ស.វ.ស និង វិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ក្នុងការបង្រៀនភាសាបារាំងឱ្យកាន់តែមានគុណភាព និង ប្រសិទ្ឋភាព។

Posted on: 08/13/2015 8:19:56 AM