បេក្ខជនចំនួនសរុប ៧២៨ នាក់ ចូលរួមប្រកួតប្រជែងជ្រើសរើសចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES)  នៅស.វ.ស ឆ្នាំសិក្សា ២០២១-២០២២

នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងទី១ ស.វ.ស មានរៀបចំការប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន២១ឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ការប្រឡងនេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាតំណាងមូលនិធិអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដំណើរការប្រឡងទាំងមូល មានការអញ្ជើញចូលរួមត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
មុនដំណើរការប្រឡង បេក្ខជន និងគណៈកម្មការប្រឡងទាំងអស់បានទទួលការធ្វើតេស្តរហ័រសរកមេរោគកូវីដ-១៩ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមសម្តែងនូវការគោរពអរគុណចំពោះការផ្តល់វត្តមានដ៏មានតម្លៃ និងការប្តេជ្ញាចិត្តខ្ពស់ និងការគាំទ្ររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងគណៈកម្មការប្រឡងថ្នាក់វេជ្ជបណ្ឌិតឯកទេសនៃស.វ.ស ដែលបានធ្វើឱ្យការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមភាព និងតម្លាភាព ។

Posted on: 12/24/2021 4:15:34 PM