ដោយមើលឃើញពីកង្វះខាតឈាមក្នុងការជួយសង្រ្គោះជីវិតមនុស្សជាចាំបាច់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សហការជាមួយមជ្ឍមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធិបរិច្ចាគឈាមក្រោមប្រធានបទ៖ "សូមអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំតាមរយៈការផ្តល់ឈាម"។
កម្មវិធីនេះបានប្រព្រឹត្រ្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស ឯកឧត្តម អ៊ូ វិភព សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំក្រសួងសុខាភិបាល និង លោកវេជ្ជបណ្ឌិត ហុក គឹមចេងប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំនាក់ថ្នាក់ដឹកនាំតាមមហាវិទ្យាល័យ/សាលា មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស យ៉ាងច្រើនកុះករ។ជាលទ្ឋផលនៃការទទួលអំណោយឈាមមួយថ្ងៃពេញនេះ មាននិស្សិតជាសប្បុរសជនចំនួន២០៤ នាក់បានបរិច្ចាគឈាមដោយជោគជ័យ (ស្រី ៦៧ នាក់ ប្រុស១៣៧ នាក់)។ស.វ.ស តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ២ដងក្នុង១ឆ្នាំ ដោយនៅឆ្នាំ ២០១៤ យើងទទួលបានឈាមពីសប្បុរសនិស្សិតចំនួន ៦២២ប្លោក។សូមជម្រាបថា ស.វ.ស គឺជាសាកលវិទ្យាល័យមួយ (ក្នុងចំណោម៧សាកលវិទ្យាល័យ) ដែលបានទទួលអំណោយឈាមច្រើនជាងគេសម្រាប់ឆ្នាំ ២០១៤។