ស.វ.ស និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមគ្នាបើកបង្រៀនថ្នាក់ "បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត" ដំបូងគេនៅប្រទេសកម្ពុជា
ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តម Vlastimil Tesar ភារៈធារីស្តីទី នៃស្ថានទូតសាធារណៈរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត នេះសិក្សារយៈពេល៣ឆ្នាំ ឬ៦ឆមាស ដែលក្នុងនោះ ៥ឆមាសត្រូវសិក្សាក្នុងថ្នាក់រៀន និងមន្ទីរពិសោធន៍បង្ហាញត្រាប់ និងមួយឆមាសទៀតផ្តោតលើការធ្វើកម្មសិក្សារបស់និស្សិត។ សម្រាប់ជំនាន់ទី១នេះ មាននិស្សិតចំនួន ៨រូប (នារី៥រូប) នឹងត្រូវសិក្សាជំនាញនេះនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ។ ក្រោយការបញ្ចប់ការសិក្សា និស្សិតនឹងទទួលបាននូវសញ្ញាបត្ររួមគ្នាចេញដោយ ស.វ.ស និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គួរជម្រាបថា នាឆ្នាំ២០១៤ តាមរយៈលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ ស.វ.ស ក្នុងចំណោមមន្ទីរពេទ្យមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្ហាញឱ្យឃើញថា មានកង្វះខាតជាខ្លាំងលើធនធានមនុស្សដែលមានជំនាញផ្នែកថែទាំ និងជួសជុសឧបករណ៍វេជ្ជជីវសាស្រ្ត។ ដើម្បីបំពេញតម្រូវការធនធានមនុស្សដ៏មានសារៈសំខាន់នេះ ស.វ.ស បានសហការជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ផ្តើមរៀបចំបង្កើតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត នេះឡើងជាលើកដំបូងបំផុតនៅប្រទេសកម្ពុជា ។ គម្រោងកម្មវិធីបណ្តុះបណ្តាល គឺមានការគាំទ្រពីសំណាក់ស្ថានទូតសាធារណៈរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយទទួលនូវការឧបត្តម្ភថវិការតាមរយៈ Czech Development Agency។