(ភ្នំពេញ)៖ នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ២១ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល លើកទី៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងមានការចូលរួមរបស់ឯកឧត្តម លោកសាស្រ្តាចារ្យ ជាសមាជិក ក្រុមប្រឹក្សាភិបាល ទីប្រឹក្សាក្រសួងសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ ។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន ដែលក្នុងនោះ របៀបវារៈមួយ គឺពិនិត្យ និងសម្រេចសេចក្តីព្រៀងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានជម្រាបជូនឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អំពីដំណើរការ នៃការរៀបចំផែនការយុទ្ធសាស្រ្តនេះ និងការប្រមូលធាតុចូលសំខាន់ៗ ពីភាគីពាក់ព័ន្ធនានារបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលរួមមាន ដៃគូអភិវឌ្ឍន៍ សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និង និស្សិតរបស់សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល តាមរយៈសិក្ខាសាលា ចំនួន ៧ លើក រួចមក ហើយ។ សេចក្តីព្រៀងផែនការយុទ្ធសាស្រ្តនេះ ត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដើម្បីពិនិត្យ និងសម្រេច។
ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានវាយតម្លៃខ្ពស់ លើសេចក្តីព្រៀង ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ ដោយមានភាពអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ឆ្នាំ២០១៦-២០២០ ព្រមទាំងស្របតាម បេសកកម្ម របស់ សាកលវិទ្យាល័យ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។
គួរបញ្ជាក់ថា ចក្ខុវិស័យសម្រាប់ផែនការយុទ្ធសាស្រ្តដំណាក់កាលថ្មី គឺសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នឹងក្លាយជា គ្រឹស្ថានឧត្តមសិក្សាជាតិឈានមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យ វិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយ ឧត្តមភាព ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ សាកលវិទ្យាល័យ បានកំណត់គោលដៅ យុទ្ធសាស្រ្ត ចំនួន៦ រួមមាន៖ ១) ពង្រឹងនិងពង្រីកគុណភាព និងវិសាលភាព នៃការបណ្តុះបណ្តាល ប្រកបដោយ គុណភាពខ្ពស់ ២) ពង្រឹង និងពង្រីកគុណភាពនិងវិសាលភាព នៃការផ្តល់សេវា ប្រកបដោយគុណភាព និងមានការទទួលស្គាល់ពីសាធារណជន ស្ថាប័នជាតិ និងអន្តរជាតិ ៣) ក្លាយជាមជ្ឍដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលមានឧត្តមភាព និងមានការទទួល ស្គាល់ ពីថ្នាក់ជាតិ និងអន្តរជាតិ ៤) ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងល្អ ៥) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ និង៦) លើកកម្ពស់កិត្យានុភាពស.វ.ស នៅកម្រិតជាតិ តំបន់ និងអន្តរជាតិ។ សាកលវិទ្យាល័យ ក៏បានគ្រោងជាយុទ្ធសាស្រ្តចំបងៗ ដើម្បីសម្រេចបាន គោលដៅយុទ្ធសាស្រ្តទាំង៦ នេះផងដែរ។