ក្រសួងសុខាភិបាលកោតសរសើរចំពោះលទ្ធផលល្អប្រសើរនៃការអភិវឌ្ឍក្នុងការបណ្តុះបណ្តាលនៅស.វ.ស
(ខេត្តកំពត)៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស”បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ វត្តមានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលានេះមាន ឯកឧត្តមទីប្រឹក្សាក្រសួងសុខាភិបាល តំណាងមន្ទីរសុខាភិបាលខេត្តកំពត តំណាងបណ្តាដៃគូអភិវឌ្ឍន៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបជិត ១០០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការបានសម្តែងនូវគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្ដមសាស្រ្តាចារ្យ ធា គ្រុយ ឯកឧត្តម លោក លោកស្រីជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតី និងអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា នាព្រឹកនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបផងដែរអំពីដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត២០១៩-២០២៣របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំយកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ភ្ញៀវជាតិ អន្តរជាតិទាំងអស់។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី នៃស.វ.ស ដែលបានដឹកនាំស្ថាប័ននេះទទួលបាននូវលទ្ធផលល្អប្រសើរលើការអភិវឌ្ឍក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលគ្រប់កម្រិតនិងជំនាញ កសាងបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនៅកម្រិតថ្នាក់ជាតិ និងការទទួលស្គាល់ជាលក្ខណ:អន្តរជាតិជាបន្តបន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវក្តីសង្ឃឹមថា អង្គសិក្ខាសាលា នឹងផ្តល់នូវគំនិតល្អៗនិងធាតុចូលដ៏មានសារ:សំខាន់ ដើម្បីធានាបានថាផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ឆ្លើយតបបាននឹងតម្រូវការអភិវឌ្ឍ របស់ សាកលវិទ្យាល័យ ក៏ដូចជាស្របជាមួយផែនការយុទ្ធសាស្ត្រក្រសួងសុខាភិបាលសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។
គួរជម្រាបថា សិក្ខាសាលានេះ ជាដំណាក់កាលទី៣ នៃការរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣។ សិក្ខាសាលានេះមានរយ:ពេល២ថ្ងៃ ដែលទទួលបាននូវការសហការឧបត្ថម្ភដោយអង្គការ Freds Hollows និង Eye Care Foundation។