ស.វ.ស គឺជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលមានកិច្ចសហការយ៉ាងរឹងមាំជាមួយ IUHW ប្រទេសជប៉ុនតាំងពីឆ្នាំ២០១៦
បន្ទាប់ពីការបំពេញទស្សនកិច្ចសិក្សាដោយជោគជ័យក្នុងរយៈពេល១០ថ្ងៃនៅប្រទេសកម្ពុជា របស់ក្រុមប្រតិភូនិស្សិតចំនួន២១រូប មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"បានរៀបចំពិធីបិទកម្មវិធីទស្សនកិច្ចសិក្សានេះ នៅថ្ងៃ ចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។
ពីធីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យរង សេង សុភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស, ឯកឧត្តមសាកលវិទ្យាធិការរង, Prof. Shigefumi TAKASUKA, School of Medicine/Center for Liberal Arts of IUHW, លោកព្រឹទ្ធបុរស/នាយក មន្រ្តីរាជការ បុគ្គលិក ក្រុមសិល្បៈនិស្សិត ស.វ.ស និងក្រុមប្រតិភូនិស្សិត IUHW។
ក្នុងរយៈពេលនៃការចុះទស្សនកិច្ចនេះ ប្រតិភូនិស្សិត IUHW បានស្វែងយល់ពីព័ត៌មានទូទៅ និងការសិក្សា នៅទីតាំងទាំងពីរនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បន្ថែមពីនោះទៀត ក្រុមប្រតិភូក៏បានស្វែងយល់អំពីការគ្រប់គ្រង និងការផ្តល់សេវាសុខភាពប្រជាជនទូទៅនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យជាតិនានា ព្រមទាំងបានទស្សនារមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាពិសេសគឺការទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទនាគព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត អរិយធម៌ និងវប្បធម៌របស់ប្រទេសកម្ពុជា។
គួររំព្ញកផងដែរថា តាមការចង្អុលបង្ហាញ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សរណ:យោគយល់គ្នាររវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងយកអាហារូបករណ៍ទៅសិក្សា ក៏ដូចជាទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាក់ស្តែងតាំងពីឆ្នាំ២០១៧មកស.វ.ស មាននិស្សិត ៤រូប គឺនិស្សិត គង់ បុរី, និស្សិត លាង សុទ្ធិ, និស្សិត ឈាង លីមេង និងនិស្សិត មិញ ស្រីពៅ ដែលបានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតរយ:ពេល៦ឆ្នាំនៅ IUHW នៅប្រទេសជប៉ុន។
Posted on: 08/12/2019 12:36:38 PM