ស.វ.ស រៀបចំបណ្តុះបណ្តាលគម្រោងស្រាវជ្រាវទាក់ទងជំងឺរលាកថ្លើម ជូនសិក្ខាកាមមកពីអង្គភាពទាំង ២៦ ក្នុងប្រទេសកម្ពុជា

ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីតាំងទី១ ស.វ.ស មានរៀបចំវគ្គបណ្តុះបណ្តាល”គម្រោងស្រាវជ្រាវស្តីពីស្ថានភាពចាក់ថ្នាំបង្ការរោគរលាកថ្លើម B និងអត្រាជំងឺរលាកថ្លើម B និង C ក្នុងចំនោមអ្នកធ្វើការក្នុងវិស័យសុខាភិបាល” ដោយមានវត្តមានសិក្ខាកាមចូលរួមជាមន្រ្តីរាជការ បុគ្គលិក ស.វ.ស និងលោក-លោកស្រីអញ្ជើញមកពីមន្ទីរពេទ្យជាតិ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន២៦អង្គភាព សរុបប្រមាណ១០០នាក់ មុននឹងការចុះអនុវត្តន៍ផ្ទាល់របស់ពួកគាត់ក្នុងគម្រោងស្រាវជ្រាវនេះ។

ពិធីនេះទទួលបាននូវកិត្តិយសដោយមានការអញ្ជើញអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស និងជាប្រធានគម្រោងស្រាវជ្រាវ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: បានលើកឡើងពីសារបាន និងដំណើរការរៀបចំគម្រោងស្រាវជ្រាវស្តីពីស្ថានភាពចាក់ថ្នាំបង្ការរោគរលាកថ្លើម B និងអត្រាជំងឺរលាកថ្លើម B និង C ក្នុងចំនោមអ្នកធ្វើការក្នុងវិស័យសុខាភិបាលនេះឡើង។ ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអនុវត្តន៍នូវតួនាទី និងភារៈកិច្ចគម្រោងស្រាវជ្រាវនេះ ប្រកបដោយឯករាជ្យភាព និងការទទួលខុសត្រូវ។ 
ឯកឧត្តមសាកលវិទ្យាធិការបានជម្រាបជូនផងដែរថាគម្រោងស្រាវជ្រាវនេះទទួលបាននូវការអនុញ្ញាតិពីគណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស និងគណៈកម្មាធិការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ដែលគម្រោងនេះត្រូវគោរពឱ្យបាននូវគោលការណ៍សំខាន់៣ចំណុចគឺ ការគោរពសិទ្ធិ ការរក្សាការសម្ងាត់ និងអត្ថប្រយោជន៍-បញ្ហាប្រឈម សម្រាប់អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ។
ឯកឧត្តមបានលើកឡើងផងដែរ ដោយគម្រោងស្រាវជ្រាវនេះមានកិត្តិយសដោយមានការចូលរួមពីសំណាក់អង្គការសុខភាពពិភពលោក និងមូលនិធិ Mérieux។

សូមជម្រាបថា គម្រោងស្រាវជ្រាវស្តីពីស្ថានភាពចាក់ថ្នាំបង្ការរោគរលាកថ្លើម B និងអត្រាជំងឺរលាកថ្លើម B និង C ក្នុងចំនោមអ្នកធ្វើការក្នុងវិស័យសុខាភិបាលនេះ មានការចូលរួមពីសំណាក់អង្គការសុខភាពពិភពលោក និងមូលនិធិ Mérieux ក្នុងគោលបំណងដើម្បីកំណត់អត្រាចាក់វ៉ាក់សាំងបង្ការរោគរលាគថ្លើមប្រភេទ B ការវាយតម្លៃចំណេះដឹង ឥរិយាបថ និងការអនុវត្តន៍ របស់បុគ្គលិកថែទាំសុខភាពសាធារណៈចំពោះជំងឺរលាកថ្លើម និងកំណត់អត្រាផ្ទុកជំងឺរលាកថ្លើមប្រភេទ B និង C ក្នុងចំណោមបុគ្គលិកសុខាភិបាលសាធារណៈនៅកម្ពុជា។

Posted on: 07/24/2019 2:19:45 PM