លទ្ធផលនៃការស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្តដ៏មានសារៈសំខាន់មួយនៅប្រទេសកម្ពុជាអំពី “កត្តាគ្រោះថ្នាក់របស់ជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១៦” ត្រូវបានសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ នាថ្ងៃ អង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨ នេះ។

By: Media | Posted on: 05/09/2018 11:17:08 AM

សិក្ខាសាលានេះប្រព្រឹត្រ្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង វត្តមានអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អ្នកជំនាញការក្នុងការងារស្រាវជ្រាវនៃអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ ប្រធានតំណាងមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជាច្រើនរូប។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានជំរាបជូនដោយសង្ខេបអំពី ដំណើរការនិង លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ដែលជាការសិក្សាជុំទីពីរ ក្រោយពីការ សិក្សា ជុំទីមួយបានធ្វើឡើងដោយសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល កាលពីឆ្នាំ២០១០។ ការសិក្សានេះត្រូវបានរៀបចំឡើងតាមបែប Cross sectional study ដែល បានជ្រើសរើសប្រជាជនដែលមានអាយុពី ១៨ ដល់ ៦៩ ឆ្នាំ ចូលក្នុងការសិក្សា ស្រាវជ្រាវ ដោយប្រើប្រាស់ពិធីសារគោលរបស់ អង្គការសុខភាពពិភពលោក (WHO STEPwise approach to chronic disease risk factor Surveillance)។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការលើកកំពស់សុខភាព និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ គឺជាសសរស្តំមួយយ៉ាងសំខាន់ក្នុងការប្រមូលឲ្យបាននូវព័ត៌មាន គ្រប់ជ្រុងជ្រោយ សំរាប់កំណត់នូវគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងវិស័យសុខាភិបាល ដើម្បី ធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ តាងនាមក្រសួងសុខាភិបាល និងក្នុងនាមឯកឧត្តមសាស្រ្តាចារ្យផ្ទាល់ ឯកឧត្តមសាស្រ្តាចារ្យសូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោងស្រាវជ្រាវជុំទី២ នេះបានដោយជោគជ័យ ដោយមានការសហការល្អ និងមានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនដល់អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍទាំងអស់ ដែលតែងតែជួយគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាសុខាភិបាល ជាពិសេសជូនចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងស្រាវជ្រាវ STEPS Survey ២០១៦ នេះប្រកបដោយជោគជ័យ។

គួរជម្រាបថា ការសិក្សានេះមានគោលបំណងធំៗចំនួន បួនគឺ ទី១ ដើម្បីពិពណ៌នាអំពីកំរិតនៃកត្តាគ្រោះថ្នាក់ផ្សេងៗដែលទាក់ទងនឹងជំងឺមិនឆ្លងក្នុងចំនោមមនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ៦៩ ឆ្នាំ នៅកម្ពុជា។ ទី២ ដើម្បីតាមដានទំហំ និងទិសដៅនៃការវិវត្តរបស់កត្តាគ្រោះថ្នាក់ផ្សេងៗដែលទាក់ទងនឹងជំងឺមិនឆ្លងនៅកម្ពុជា។ ទី៣ ដើម្បីផ្តល់ព៌តមានគាំទ្រដល់ការធ្វើផែនការ និង វាយតំលៃលើការអនុវត្តនូវកម្មវិធី និង គោលនយោបាយ ដែលទាក់ទងនឹងការកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា និង ទី៤គឺ ដើម្បីប្រមូលនូវទិន្នន័យសំរាប់ការព្យាករណ៏នូវតំរូវការសេវាសុខាភិបាលនាពេលអនាគត។

ការសិក្សាក្នុងជុំទីពីរនេះ បានប្រមូលទិន្នន័យពីប្រជាជនចំនួន២៨៨០នាក់ មកពី ទូទាំងប្រទេសតាមរយះការជ្រើសរើស សំណាកដោយវិធីសាស្រ្ត multi-stage cluster samplingដោយមានបីជំហាន៖ ជំហានទីមួយ ជាការសំភាសន៏ដើម្បីប្រមូលយកពត៌មាន ទាក់ទងនឹងកត្តាឥរិយាបថគ្រោះថ្នាក់ផ្សេងៗ និង ប្រវត្តិសុខភាពដែលទាក់ទងនឹងជំងឺមិន ឆ្លង ជំហានទីពីរគឺមានការពិនិត្យវាស់វែងនៅលើរាងកាយដើម្បីប្រមូលពត៌មានអំពីសំពាធ ឈាម កំពស់ ទំងន់ និង បរិមាត្រចង្កេះ និង ត្រគាក ជំហានទីបី គឺ ការបូមឈាមដើម្បី ពិនិត្យមើលកំរិតស្ករ និង ខ្លាញ់សារុបក្នុងឈាម។

ជាលទ្ធផលសង្ខេប ការសិក្សាស្រាវជ្រាវឆ្នាំ ២០១៦នេះបានរកឃើញថាមានភាព ប្រសើរឡើងនូវរង្វាស់កត្តាគ្រោះថ្នាក់មួយចំនួនដូចជា ការជក់បារី ការប្រើប្រាស់គ្រឿង ស្រវឹង ការបរិភោគមិនបានគ្រប់គ្រាន់នូវផ្លែឈើនិងបន្លែ និងការធ្វើសកម្មភាពកាយ វប្បកម្ម មិនបានគ្រប់គ្រាន់ជាដើម។ ទន្ទឹមនឹងនោះក៏យើងសង្កេតឃើញមានកត្តាគ្រោះថ្នាក់ មួយ ចំនួនបានកើនឡើងដូចជា ការលើសទំងន់រឺ ធាត់ ការលើសសំពាធឈាម ការលើស ជាតិស្ករ និងខ្លាញ់ក្នុងឈាម និងការកើនឡើងនូវអត្រាអ្នកដែលមានកត្តាគ្រោះថ្នាក់ ចាប់ពី បីកត្តា រឺ លើសក្នុងចំនោមប្រជាជនដែលមានអាយុពី ២៥ឆ្នាំ ដល់ ៦៤ឆ្នាំ។