នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” សហការជាមួយអង្គការសុខភាពពិភពលោក រៀបចំកិច្ចប្រជុំអន្តរជាតិស្តីពី "ការកែទម្រង់ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅតាមបណ្តាប្រទេស កំពុងអភិវឌ្ឍ" នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ។

By: Media | Posted on: 04/24/2018 12:38:22 PM

អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានតំណាងជាន់ខ្ពស់មកពីក្រសួងសុខាភិបាល ក្រសួងអប់រំ គ្រឹះស្ថានសិក្សា និងស្ថាប័ននិយតកម្មវិជ្ជាជីវៈ ក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ុងហ្គោលី និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកំណែទម្រង់បណ្តុះបណ្តាលវិស័យសុខាភិបាលនៅក្នុងប្រទេសនីមួយៗ និងដើម្បីសម្របសម្រួលកិច្ចសន្ទនារវាងប្រទេសនីមួយៗស្តីពីបទពិសោធន៍និងការអនុវត្តល្អដើម្បីពង្រឹងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងកែលម្អគុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល។ កិច្ចប្រជុំនៅឆ្នាំនេះនឹងផ្តោតទៅលើទិដ្ឋភាពនៃការបណ្តុះបណ្តាលគ្លីនិកនៃវិជ្ជាជីវៈសុខាភិបាល។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ ក្រសួងសុខាភិបាលកម្ពុជាបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនការបណ្តុះបណ្តាល បុគ្គលិកសុខាភិបាលឱ្យបានគ្រប់គ្រាន់ និងមានជំនាញ និងឥរិយាបថត្រឹមត្រូវ និងពង្រឹងទំនាក់ទំនងរវាងការបណ្តុះបណ្តាល បទប្បញ្ញត្តិ ទៅនឹងប្រព័ន្ធសុខាភិបាល។ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ”រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកប ដោយគុណភាព ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល ពីព្រោះគុណភាពអ្នកផ្តល់សេវាសុខាភិបាល ជាកត្តាចម្បង ក្នុងចំណោមកត្តាផ្សេងទៀត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព”។ ឯកឧត្ដម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានប្រសាសន៍ថា ”នៅក្នុងរយៈពេល ០៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ២០១៤-២០១៨ សាកលវិទ្យាល័យបានប្រឹងប្រែងធ្វើកំណែទម្រង់ ការបណ្តុះបណ្តាល ដោយផ្តោតលើសមត្ថភាពជំនាញជាគោល និងបានធ្វើឲ្យប្រសើរឡើងនូវការងារស្រាវជ្រាវ និងការផ្តល់សេវា”។ ថ្លែងពីសារៈសំខាន់នៃកិច្ចប្រជុំនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Vivian Lin នាយកផ្នែកប្រព័ន្ធសុខាភិបាល (Division of Health Systems) នៃការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការ សុខភាពពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន មានប្រសាសន៍ថា “ការប្តេជ្ញាចិត្តចំពោះការគ្របដណ្តប់សុខភាពជាសាកល (UHC) បានបង្កើតជាតម្រូវការជាបន្ទាន់សម្រាប់ប្រទេសនានាក្នុង ការរៀបចំបុគ្គលិកសុខាភិបាលដែលមិនត្រឹមតែជាអ្នកមានសមត្ថភាពជំនាញបច្ចេកទេសនោះទេ ប៉ុន្តែក៏ជាអ្នកផ្តល់ការថែទាំប្រកបដោយការយកចិត្តទុកដាក់ និងប្រកបដោយក្តីមេត្តា។ នៅក្នុងបរិបទនេះ ការបណ្តុះបណ្តាលបុគ្គលិក សុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតបុគ្គលិកសុខាភិបាល ដែលអាចបំពេញតម្រូវការ និងការរំពឹងទុករបស់បុគ្គល និងសហគមន៍”។
ការប្តេជ្ញាចិត្តនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរក្នុងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជាឆ្នាំ២០១៦-២០២០។ គោលបំណងយុទ្ធសាស្រ្តមួយគឺត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃ ការបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការនូវជំនាញ និងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល នៅក្នុងបរិបទនៃការផ្លាស់ប្តូរប្រជាសាស្ត្រ និងអេពីដេមីសាស្រ្ត។ លោកវេជ្ជបណ្ឌិត Kumanan Rasanathan អ្នកសំរបសំរួលផ្នែកប្រព័ន្ធសុខាភិបាលនៃអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យធំធេងក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារក្នុងទសវត្សថ្មីៗនេះ និងដោះស្រាយបញ្ហាជំងឺឆ្លង ឥឡូវនេះក្រសួងសុខាភិបាលបានតម្រង់ទិសដៅ និងបង្កើនធនធានមនុស្សសុខាភិបាល ដើម្បីរក្សា និងពន្លឿនវឌ្ឍនភាពនេះស្របពេលដែលការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដូចជាជំងឺមិនឆ្លង ដែលក្នុងនេះ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលគឺជាគន្លឹះដ៏សំខាន់”។
ប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់ បន្តប្រឈមនឹងបញ្ហាមួយចំនួនដែលរួមមានសមត្ថភាពមានកម្រិតក្នុងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលឲ្យមានចំណេះដឹង និងជំនាញដើម្បីគ្រប់គ្រង ថែទាំព្យាបាលប្រកបដោយប្រសិទ្ធភាព ជំងឺឆ្លង ក៏ដូចជាជំងឺរ៉ាំរ៉ៃដទៃទៀត ជាពិសេសនៅកម្រិតថែទាំសុខភាពបឋម។ មានការព្រួយបារម្ភផងដែរចំពោះការប្រែប្រួលនៃស្តង់ដារនៃការបង្រៀន និងការរៀនតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាល និងកង្វះខាតធនធានសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាល និងសាស្រ្តាចារ្យក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន។ បណ្តាប្រទេសទាំងនោះក៏បានទទួលស្គាល់នូវតម្រូវការក្នុងការដោះស្រាយភាពមិនស៊ីគ្នារវាងផលប្រយោជន៍ពាណិជ្ជកម្មនៃការអនុវត្តវិជ្ជាជីវៈ និងសារៈសំខាន់នៃការផ្តោតលើ ការកាត់បន្ថយដល់កម្រិតអប្បបរមានូវការប្រព្រឹត្តដែលប៉ះពាល់ដល់សុខភាព។

ប្រទេសកំពុងអភិវឌ្ឍបានចាប់ផ្តើមប្រឹងប្រែងធ្វើការកែទម្រង់ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល។ នេះរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការកែសម្រួលកម្មវិធីបណ្តុះបណ្តាលដែលមានស្រាប់ក្លាយជាកម្មវិធីបណ្តុះបណ្តាលដែលផ្អែកលើសមត្ថភាពស្នូលជាគោល ការវាយតម្លៃនិស្សិតដែលមានលក្ខណៈ ស្តង់ដារ ការខិតខំប្រឹងប្រែងអនុវត្តយន្តការធានាគុណភាពសម្រាប់កម្មវិធីបណ្តុះបណ្តាល និងគ្រឹះស្ថាន និងការសង្កត់ធ្ងន់លើការបង្រៀនពហុវិជ្ជាដើម្បីផ្តល់ការថែទាំដែលផ្តោតលើតម្រូវការប្រជាជន។ ជាឧទាហរណ៍ នៅប្រទេសកម្ពុជាកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នក្នុងការអនុវត្តការប្រឡងចូល និងប្រឡងចេញថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលគ្រប់ជំនាញ និងគ្រប់កម្រិតក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល គឺសំដៅធានាឲ្យនិស្សិត ដែលបញ្ចប់ការសិក្សាវគ្គជំនាញវិជ្ជាជីវៈសុខាភិបាល មានសមត្ថភាពចាំបាច់ដើម្បីផ្តល់នូវគុណភាព និងសុវត្ថិភាពក្នុងការថែទាំ។
តាមរយៈបទពិសោធន៍ដែលមានតាំងពីយូរលង់របស់ខ្លួន ក្នុងការសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អង្គការសុខភាពពិភពលោកប្តេជ្ញាពេញទំហឹងក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា គាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ កម្ពុជាឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកល។